(កំពង់ឆ្នាំង) ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចាក់លែងកូនត្រីចម្រុះ ៨០ គីឡូក្រាម ចូលក្នុងបឹងវិញ ក្រោយការរុះរើ ដុតកម្ទេចចោលនូវឧបករណ៍នេសាទស្បៃមុង លបលូ ស្បៃមុង ៣០០ ម៉ែត្រ និងបានរុះរើរបាំងរាំងភ្ជិតព្រែកមួយកន្លែងផ្សេងទៀតផងដែរ ។
នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទនេះ ខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទស្វាយរំពារសែនជ័យ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងរាំងភ្ជិតព្រែក និងបឹងមួយកន្លែង នៅចំណុចឆ្នុកអណ្តែងភ្លង ឃុំពាមឆ្កោក និងមួយកន្លែងទៀត នៅចំណុចបឹងធំ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា នៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះ ក្រុមការងារចម្រុះ បានធ្វើការរុះរើ និងដុតបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង ដែលជាលទ្ធផលសម្រេចធ្វើការរុះរើរបាំងរាំងព្រួលភ្ជិតពោះព្រែក និងបឹងចំនួន ០១ ករណី ក្នុងនោះរបាំងស្បៃមុងនៅចំណុចបឹងធំ ក្នុងស្រុកជលគីរី ០៦ កន្លែង ប្រវែង ៣០០ ម៉ែត្រ លបលូសាច់អួនក្រឡាញឹក ចំនួន ០៨ គ្រឿង បង្គោលចំនួន ២០០ ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៨០ គីឡូក្រាម ចូលបឹងធម្មជាតិវិញ ៕