(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០២ ៖ ៤០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦ នាក់ នៅចំណុចមុខហាងនឹក EX ផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ចំនួន ០៣ ករណី ។
ករណីទី១៖ យកដំបងដែកបំពង់ទីបបួនជ្រុងព្រួតគ្នា ដេញវាយ ប្លន់យកទូរសព្ទដៃ ចំនួន ០២ គ្រឿង មានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វូន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។ករណីទី២៖ យកដាវកែច្នៃ ដេញកាប់ លើជនរងគ្រោះ និងកាប់លើម៉ូតូបណ្តាលឱ្យរងការខូចខាតម៉ូតូ ចំនួន ០២ គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
ករណីទី៣៖ យកដាវកែច្នៃ ដេញកាប់ លើជនរងគ្រោះ និងកាប់លើម៉ូតូបណ្តាលឱ្យរងការខូចខាតម៉ូតូ ចំនួន ០២ គ្រឿង ប្រព្រឹត្តនៅចំណុចស្ថានីយប្រេតឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦ នាក់រួមមាន៖
១-ឈ្មោះ វ៉ែន ធីរាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
២-ឈ្មោះ រៀល សុវណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
៣-ឈ្មោះ រីន សុខផានិត ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ឈឿន ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
៥-ឈ្មោះ ធី សុខហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្សសាលាអង្គការភីអេសអ៊ី ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
៦-ឈ្មោះ ឡេង សៀវហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៥ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕