(ក្រចេះ) ៖ ក្រុមក្មេងទំនើងមួយក្រុម បើកបរម៉ូតូក្នុងល្បឿនលឿនបង្កភាពអាណាធិបតេយ្យ នៅតាមផ្លូវមាត់ទន្លេ ក្នុងក្រុងក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនមនុស្សចំនួន ១១ នាក់ និងម៉ូតូចំនួន ១១ គ្រឿង យកមកធ្វើការអប់រំណែនាំ កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង ១១ នាក់ ខាងលើនេះ ក្រោយពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូ ១១ គ្រឿង ដោយប្រើប្រាស់ល្បឿនលឿន បង្កភាពអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ។
ករណីខាងលើនេះ គឺទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការតាមឃាត់ម៉ូតូទាំង ១១ គ្រឿងនោះ និងអញ្ជើញឪពុកម្ដាយ និងអាណាព្យាបាល មកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរល្បឿនលឿនបន្តទៀត និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។
ពលរដ្ឋនៅក្នុងក្រុងក្រចេះក៏បានសាទរ ចំពោះចំណាត់ការរបស់កម្លាំងសមត្ថកិច្ច ដែលតែងតែមានចំណាត់ការជាបន្តបន្ទាប់ ចំពោះក្រុមក្មេងទំនើងដែលជិះម៉ូតូបង្ហោះឬក៏កែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសជាបន្តបន្ទាប់ មួយរយៈកាលចុងក្រោយនេះ ដើម្បីចូលរក្សារួមការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គម ៕