(ក្រចេះ) ៖ ដើម្បីឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាឱ្យកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្ក្រាបកន្លែងល្បែងស៊ីសងខុសច្បាប់ ចំនួន ០២ កន្លែង នៅក្នុងភូមិសាស្រ្តនិងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១៥ ៖ ០០ នាទី ម្សិលមិញនេះ កម្លាំងអធិការស្រុកចិត្របុរី សហការជាមួយនគរបាលរដ្ឋបាលឃុំសំបុក បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ០១ កន្លែង នៅចំណុចក្នុងរោងចំការដាំស្មៅ ដែលមានម្ចាស់ឈ្មោះ អេង រ៉ា ភេទស្រី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានសហការជាមួយកម្លាំងប៉ុស្តិនគរបាលសំបុក ដដែល បានចុះបង្រ្កាបទីតាំងជល់មាន់ ០១ កន្លែង ផ្សេងទៀត នៅចំណុចក្នុងព្រៃទល់មុខវត្តសំបុក ចម្ងាយប្រហែល ៨០០ ម៉ែត្រ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ពេលកម្លាំងនគរបាលចុះទៅដល់ អ្នកលេងល្បែងភ្នាល់ទាំងនោះដឹងខ្លួនមុនរត់គេចខ្លួនអស់ដោយបន្សល់ទុកនូវសម្ភារ:វត្ថុតាងរួមមាន៖ មាន់ជល់ ចំនួន ០១ ក្បាល, កន្រ្តកដាក់មាន់មកជល់ ចំនួន ០១, តង់របាំងសង្វៀនសម្រាប់ជល់មាន់ ចំនួន ០១ ខ្សែ ប្រវែង ២៥ ម៉ែត្រ, កំណាត់ឈើមូលសម្រាប់អង្គុយមើលគេជល់មាន់ ចំនួន ៣០ កំណាត់ និងចម្រឹងឈើ ចំនួន ១៥ បង្គោល ។ ចំពោះវត្ថុតាងខាងលើដុតបំផ្លាញចោលនៅនឹងកន្លែង ៕