(ពោធិ៍សាត់) ៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែបានដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យរងការខូចខាត សំណាងមិនបង្កការគ្រោះថ្នាក់ណាមួយដល់មនុស្សឡើយ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។បើតាមសាក្សីដែលនៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុឃើញមានរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវចំណុចដែលបត់បែនហើយចុះឡើងទៀត ស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ចំណែកលោក យ៉ិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំត្នោតជុំ ដែលទៅដល់ទីតាំងកើតហេតុបានឱ្យដឹងថា រថភ្លើងដែលក្រឡាប់ខាងលើនេះ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។
លោកបន្តទៀតថា ចំពោះអត្តសញ្ញាណអ្នកបើករថភ្លើងមិនត្រូវបានស្គាល់ឡើយ តែបើតាមការពិនិត្យជាក់ស្ដែង ករណីគ្រោះថ្នាក់នេះ គឺអាចជាកត្តាល្បឿនលឿនពេក ការដឹកលើសទម្ងន់លើចំណុចផ្លូវបត់បែនច្រើន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់នេះតែម្ដង៕