(ភ្នំពេញ) ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនដែលបើករថយន្តបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ បណ្ដាលឱ្យរងរបួសស្រាលចំនួន ២នាក់ និងស្លាប់ក្មេងស្រីម្នាក់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលនេះថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកម៉ោង១១ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសដែលបើករថយន្តបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ បណ្ដាលឱ្យរងរបួសស្រាលចំនួន ២នាក់ និងស្លាប់ក្មេងស្រីម្នាក់បានហើយ។អ្នកបើកបររថយន្ត ជាជនជាតិចិនឈ្មោះ HUANG PENG ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំព្យ៉ា ខណ្ឌ៧មករា។ សមត្ថកិច្ចឃាត់ខ្លួននៅត្រង់ចំណុចបុរី R & F ផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង ១១:១០នាទី។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ជនបង្កបានបើករថយន្តបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវបណ្ដាលឱ្យរងរបួស ស្រាល ចំនួន២នាក់ និងស្លាប់ក្មេងស្រីម្នាក់ក្រោយមកជនបង្កបានចតរថយន្តប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញនៅព្រឹកមិញនេះ និងស្រាវជ្រាវឈានទៅចាប់ខ្លួននៅរសៀលថ្ងៃដដែល។
បច្ចុប្បន្នបុរសអ្នកបើករថយន្តបង្ក ដែលត្រូវបានគេស្គាល់ថា ជាជនជាតិចិន ត្រូវបាននាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕