(ព្រៃវែង) ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ចំនួន ០៥ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួន និងវត្ថុតាងមួយចំនួន ។
យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពី លោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២០ ៖ ៣០ នាទី កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មបាន ចំនួន ០៣ នាក់ រួមមាន៖ទី១.ឈ្មោះទិត្យ ទីន ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិជោរ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង
ទី២.ឈ្មោះ ឆុន មករា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង
ទី៣.ឈ្មោះ អូន សាម៉ន ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិត្រពាំងថ្លាន់ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្នុងនោះដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ ស ចំនួន០១កញ្ចប់តូច, ដែកកេះ ០១, ឧបករណ៍ជក់ថ្នាំញៀន ០១, ម៉ូតូ ០១គ្រឿង។
ប្រភព បានបន្តទៀតថា បន្ទាប់ពីធ្វើការស្តាប់ចម្លើយជនសង្ស័យទាំង ០៣ នាក់ និងបានសារភាពថា ថ្នាំញៀននេះគឺរូបគេទិញពីឈ្មោះ សឿន ឡូត ភេទស្រី រស់នៅភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ក្រោយពីការស្រាវជ្រាវរបស់សមត្ថកិច្ច ចំពោះឈ្មោះ សឿន ឡូត ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ប៉ុន្តែមិនស្នាក់នៅក្នុងមូលដ្ឋានទេ បច្ចុប្បន្នគឺស្នាក់នៅភូមិអូកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
បន្ទាប់មក នៅវេលាម៉ោង ១៣ ៖ ៤៦ នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង បានស្នើសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២ នាក់ បន្តទៀត ។ ក្នុងនោះ មានឈ្មោះដូចជា៖ ទី១.ឈ្មោះ សឿន ឡូត ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរកណ្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយមានដីការបង្កាប់ឱ្យចាប់ខ្លួនទៀតផង និងទី២.ឈ្មោះ អឿន រតនា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្នាក់នៅបច្ចុប្បន្ននៅភូមិអូរកណ្តោល ឃុំព្រៃកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន ១០ កញ្ចប់ ក្នុងនោះធំ ០១ កញ្ចប់ តូច ០៩ កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង, ទូរសព្ទដៃ ចំនួន ០៣ គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ, រថយន្តចំនួន ០១ គ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4356 ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីបន្តនីតិវិធីច្បាប់ ៕