លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺ ត្រូវតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ លោកបានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាពនៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរពចំពោះការលះបង់របស់អ្នកមានគុណ គឺមាតា បិតា និងក្រុមគ្រួសារ ដែលតែងតែខិតខំគ្រប់បែបយ៉ាង ដើម្បីឱ្យពួកគេទទួលបានការសិក្សាតាំងពីតូចមក ទម្រាំមានឱកាសបានមកចូលរួមក្នុងពិធី និងឃើញដោយផ្ទាល់នូវជោគជ័យនៃការសិក្សាររបស់ពួកគេ ដែលពេលនេះ បានក្លាយជានគរបាលជាតិ និងត្រៀមចេញទៅបំពេញការងារបម្រើជាតិ និងប្រជាជន ដូចក្ដីប្រាថ្នា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តយកចិត្តទុកដាក់កិច្ចការកំណែទម្រង់ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបរិបទឌីជីថល ក្នុងនោះត្រូវត្រៀមលក្ខណៈពិនិត្យចំណុចល្អៗក្នុងសៀវភៅគោលនៃការបណ្ដុះបណ្ដាលនគរបាលសិង្ហបុរី វិភាគ និងវាយតម្លៃគុណភាពនៃការបណ្ដុះបណ្ដាលនិស្សិតរយៈពេល៤ឆ្នាំ ពង្រឹងគ្រូបន្តវេនភ្ជាប់ដោយការលើកទឹកចិត្ត និងត្រូវអញ្ជើញស្នងការនគរបាលរាជធានី ខេត្ត មកធ្វើបទឧទ្ទេសនាមអំពី បទពិសោធន៍ផ្ទាល់ដល់និស្សិតនគរបាល ផងដែរ៕