ដើម្បីធានាលើការទូទាត់ប្រាក់ជូនភាគីអ្នកលក់ ពោលគឺ ភាគីអ្នកទិញ សំដៅលើ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានចេញសែកចំនួន១០សន្លឹកក្នុងមួយសន្លឹកមានទឹកប្រាក់ ១៧,០០០ដុល្លារអាម៉េរិក ។ ប៉ុន្តែ ក្រោយមក លោក ម៉ម គឹមលី ក៏បានយកសែកមួយសន្លឹកទៅបញ្ជាក់នៅធនាគារ ABA គឺ សែកនេះគ្មានសាច់ប្រាក់នោះទេ ដែលនេះជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
លោក ម៉ម គឹមលី បញ្ជាក់ថា ដីទាំងអស់ដែល លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញពីលោក គឺ បានលក់អស់ទៅហើយឱ្យអ្នកដទៃ តែមិនព្រមប្រគល់ប្រាក់មកឱ្យ លោក ម៉ម គឹមលី នោះទេ ។
ដោយសារភាគីអ្នកទិញ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន គ្មានឆន្ទះក្នុងការដោះស្រាយដោយសន្តិវិធី និងគេចវេសនោះ ពេលនេះ លោក ម៉ម គឹមលី បានដាក់ពាក្យបណ្តឹងរួចហើយ ។
យោងតាមពាក្យបណ្តឹងរបស់លោក ម៉ម គឹមលី នៅថ្ងៃទី១៣ ខែសីហា បានគោរពជូនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញដីឡូតិ៍ពីលោក ម៉ម គឹមលី ចំនួន៣៤ឡូតិ៍ មានតម្លៃសរុប១៧ម៉ឺនដុល្លារអាម៉េរិក ។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទូទាត់ជាដំណាក់កាលនីមួយៗ យោងតាមកិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និង កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ម៉ម គឹមលី ជាដើមបណ្តឹង បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន មិនបានទូទាត់ប្រាក់មកឱ្យ លោក ម៉ម គឹមលី ចំនួន១៧ម៉ឺនដុល្លារអាម៉េរិក តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងសែក ABA ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ដោយសែកនេះគ្មានសាច់ប្រាក់ឡើយ ។
ដើមបណ្តឹង លោក ម៉ម គឹមលី បានសំណូមពរឱ្យលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ផង ។
ពាក់ព័ន្ធបញ្ហានេះ នៅថ្ងៃទី១៣ ខែសីហា អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងទៅលោក មាស ធីបញ្ញា ដើម្បីសុំធ្វើការបំភ្លឺ តែទូរសព្ទចូលគ្មានអ្នកទទួលនោះទេ ហើយតាមប្រព័ន្ធ Telegram ក៏គ្មានអ្នកឆ្លើយតបដែរ ។
អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺគ្រប់ពេលវេលា ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ៕