សិស្សនិទ្ទេសA ២០នាក់ នៅខេត្តស្វាយរៀង ទទួលបានម៉ូតូម្នាក់ ១គ្រឿង ពីអភិបាលខេត្ត - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, December 14, 2023

សិស្សនិទ្ទេសA ២០នាក់ នៅខេត្តស្វាយរៀង ទទួលបានម៉ូតូម្នាក់ ១គ្រឿង ពីអភិបាលខេត្ត

(ស្វាយរៀង) ៖ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេសA ចំនួន ២០នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ សិស្សនិទ្ទេសA ចំនួន ២០ នាក់ ក្នុងនោះ សិស្សចំណេះទូទៅ ១៦ នាក់ និងសិស្សបច្ចេកទេស ០៤ នាក់ ។

លោក ប៉េង ពោធិ៍សា បានលើកឡើងថា តាមរយៈលទ្ធផលប្រឡងនៅខេត្តស្វាយរៀង ក្នុងឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរ ដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៨០% ។ ការណ៍នេះដោយសារមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន ។ ទន្ទឹមនេះលោកគ្រូ អ្នកគ្រូទាំងអស់ក៏បានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

លោកអភិបាលខេត្ត ក៏បានណែនាំសិស្សានុស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឱ្យបានពូកែថែមទៀត ។ ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឱ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម ។ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិ ០៤ យ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ។ ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ចួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ” ។

សូមបញ្ជាក់ថា សិស្សនិទ្ទេសA ទាំង ២០ នាក់ ដោយម្នាក់ៗទទួលបានម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៤ ចំនួន ០១ គ្រឿង មួកសុវត្ថិភាពចំនួន ០១ និងថវិកា ២០០,០០០ រៀល ។ ចំណែកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល និងនាយកសាលាទាំង១១ ម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ ៕



















Post Bottom Ad

Ads Sidebar

Pages