(ស្ទឹងត្រែង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុប ០១ គ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារប្រណីតល្មើសច្បាប់ ជិត ១៤០ សន្លឹក ពីក្រោម ។ រថយន្តល្មើសនេះ បានចេញពីខេត្តរតនគិរី នៅម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ០២ នាក់ បានចុះត្រួតពិនិត្យរថយន្ត ០១ គ្រឿង ក្រោយពីបង្ក្រាបដោយកម្លាំងនគរបាលខេត្ត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។រថយន្តដែលបង្ក្រាបនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ (រើអុសទម្លាក់ចុះ) សមត្ថកិច្ចបានរកឃើញឈើអារល្មើសច្បាប់ ប្រភេទឈើអារលេខ១ ឈើឈ្លីក ចំនួន ១៣៨ សន្លឹក ស្មើ ៤,១៤០ ម៉ែត្រត្រីគុណ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលស ទ្រុងខៀវ ពាក់ផ្លាកលេខ ព្រៃវែង 3A -1258 ពិតជាមានលួចលាក់បង្កប់ផ្ទុកឈើអារល្មើសច្បាប់ នៅក្នុងរថយន្តនេះពិតប្រាកដមែន ។
របាយការណ៍រដ្ឋបាលព្រៃឈើ បានបង្ហាញអំពីចម្លើយរបស់ម្ចាស់រថយន្តឈ្មោះ ហម ឈន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបក្ខពួក ០២ នាក់ទៀត ដោយបានបញ្ជាក់ថា ពួកគេបានដឹកឈើខាងលើតាមរថយន្តចេញពីស្រុកបរកែវ ខេត្តរតនគិរី ដោយឈើអារទាំងនោះ ពួកគេបានទិញពីប្រជាពលរដ្ឋនៅទីនោះ ក្នុងតម្លៃ ១ ម៉ែត្រត្រីគុណ ស្មើនឹង ៧០ ម៉ឺនរៀល ហើយយកទៅលក់បន្ត នៅក្នុងខេត្តព្រៃវែង តាមតម្លៃទីផ្សារជាក់ស្តែង ។
ក្រោយការង្ក្រាប រថយន្តត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ ដោយឡែក ឈើជាវត្ថុតាង ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។
ឯចំណែកជនសង្ស័យទាំង ០៣ នាក់ បានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញក្រោយសួចម្លើយ និងរង់ចាំការចូលខ្លួនមកបង់ពិន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ នៅសាលាដំបូងខេត្តស្ទឹងត្រែង ៕