(ភ្នំពេញ) ៖ ជនសង្ស័យ កាប់ប្លន់យ៉ាងសាហាវចំនួន ០៦ នាក់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម ចំនួន ២៦ ករណី ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ កាលពីរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។
នៅក្នុងសន្និសិទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងនាយការិល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងអធិការ អធិការរង នាយកផ្នែក នៅតាមបណ្តាលខណ្ឌពាក់ព័ន្ធទាំង ០៦ ផងដែរ ។ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ សុខ តុលា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទប្រុស អាយុ ១៨ ឆ្នាំ មានលំនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័តក្នុងរាជធានីភ្នំពេញ ៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅតាមផ្ទះសំណាក់ចល័តក្នុងរាជធានីភ្នំពេញ ៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ និង៦-ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិវៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរទិញលក់ម៉ូតូ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានធ្វើការស្រាវរយៈពេល ប្រមាណ ០៣ ខែហើយ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ កាប់ប្លន់ ជាបន្តបន្ទាប់ ចំនួន ០៦ នាក់ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះ មានជនដៃដល់ចំនួន ០៥ នាក់ និងម្នាក់ជាអ្នកទទួលផលចោរកម្ម ហើយដកហូតបានម៉ូតូចំនួន ១០ គ្រឿង ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តិអំពើហិង្សា (ធាក់ និងយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះ ប្លន់យកម៉ូតូ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២៦ ករណី ក្នុងខណ្ឌចំនួន ០៦ ដែលក្នុងនោះ ១.នៅមូលដ្ឋានខណ្ឌសែនសុខចំនួន ០៥ករណី បណ្តាលអោយ ជនរងគ្រោះម្នាក់ឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញស្លាប់បាត់បង់ជីវិត។ ២.នៅក្នុងមូលដ្ឋានខណ្ឌដង្កោចំនួន ១១ ករណី បណ្តាលអោយជនរងគ្រោះមានរបួសទាំងអស់ ៣-ក្នុងមូលដ្ឋានខណ្ឌកំបូលចំនួន ០៣ ករណី ៤.ខណ្ឌព្រែកព្នៅចំនួន ៣ករណី ៥.ខណ្ឌមានជ័យចំនួន ០១ ករណី និង៦-ខណ្ឌពោធិសែនជ័យចំនួន ០៣ករណី ។
លោកស្នងការរង បានឱ្យដឹងទៀតថា នៅក្នុងនោះ សមត្ថកិច្ច ដកហូតវត្ថុតាងចាប់យកម៉ូតូចំនួន ១០ គ្រឿង ក្នុងនោះ ម៉ូតូជិះធ្វើសកម្មភាព ០២ គ្រឿង និងម៉ូតូ របស់ជនរងគ្រោះចំនួន ០៨ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕