តើជាការពិតទេ មន្ត្រីចរាចរណ៍កំពង់សិលា ឃាត់រថយន្ត ហើយទារលុយ 450$ ជាថ្នូរក្នុងការឲ្យត្រឡប់វិញ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, March 11, 2024

តើជាការពិតទេ មន្ត្រីចរាចរណ៍កំពង់សិលា ឃាត់រថយន្ត ហើយទារលុយ 450$ ជាថ្នូរក្នុងការឲ្យត្រឡប់វិញ


 បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានថ្លែងប្រាប់សារព័ត៌មានថា កាលពី វេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿន ឆ្ពោះពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិចដើម្បីចុះស្រាប់តែពេលនោះមានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។


តៃកុងរថយន្តរូបនោះបានបន្តទៀតថា៖ មកសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅ កំពង់សិលា ចំនួន៣នាក់ បានមកនាំរថយន្តនិង រូបគាត់ ដែលជាតៃកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុប ៥នាក់។


តៃកុងរថយន្តដដែលរូបនោះបានបន្តលើកឡើងទៀតថា៖ មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ២ឆ្នាំ រហូតដល់ទៅ ៥ឆ្នាំ។

ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយពីរូបគាត់ដែលជាតៃកុងរថយន្ត ជាទឹកប្រាក់ចំនួន 500$ ដើម្បីជាថ្នូរមិនយកទោសពៃ និងឲ្យឆាប់បានត្រឡប់ទៅវិញ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឲ្យក្រុមគ្រួសារ យកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។


តៃកុងរថយន្តបន្តទៀតថា៖ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឲ្យចុះតម្លៃត្រឹម 450$។ ប៉ុន្តែលុយដែលបានបង់ ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ)។


ករណីខាងលើនេះអង្គភាពសារព័ត៌មានយើង ពុំមានលេខទំនាក់ទំនងជាមួយប្រធានគោលដៅចរាចរណ៍កំពង់សិលាដើម្បីសុំការបំភ្លឺបាននោះទេ។ ខណៈនោះសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់លេខ ១៣៩៩ លេខសង្រ្គោះផ្លូវល្បឿនលឿន ដើម្បីផ្សារភ្ជាប់ទៅកាន់ប្រធានគោលដៅចរាចរណ៍កំពង់សិលា ប៉ុន្តែប្រធានគោលដៅចរាចរណ៍ បានលើកឡើងនិងផ្តៅផ្ញើពាក្យតាមមន្ត្រីសង្គ្រោះបន្ទាន់ផ្លូវល្បឿនលឿន ថាបើចង់បំភ្លឺព័ត៌មាន ត្រូវតែឲ្យសារព័ត៌មានទៅបំភ្លឺដល់ប៉ុស្តិ៍គោលដៅ មិនអាចបំភ្លឺតាមទូរស័ព្ទបានទេ។


យ៉ាងណាករណីនេះបុរសដែលជាតៃកុងរថយន្ត បានសំណូមពរដល់ប្រធានគោលដៅចរាចរណ៍ កំពង់សិលា ដែលបានយកលុយពីគាត់ចំនួន 450$ មេត្តាជួយផ្តល់លុយខ្លះឲ្យមករូបគាត់វិញ និងសូមសំណូមពរទៅកាន់តៃកុងរថយន្តផ្សេងទៀត សូមបើកបរគោរពតាមចរាចរណ៍ទាំងអស់គ្នា។


អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ តាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

Post Bottom Ad

Ads Sidebar

Pages