(ភ្នំពេញ) ៖ បុរសម្នាក់ បានបើករថយន្ត០១ គ្រឿង មកដកប្រាក់នៅទូម៉ាស៊ីនអេធីអឹម (ATM) មួយកន្លែង ដោយចុះពីលើរថយន្ត ចូលទៅបើកប្រាក់ ហើយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ភ្លេចខ្លួនមួយភ្លែត ក៏ត្រូវជនសង្ស័យម្នាក់ បានឡើងរថយន្តនោះ បើកយកចេញទៅភ្លាមៗបាត់ស្រមោលតែម្តង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ០៧ ៖ ១៥ នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរករថយន្តគាត់ត្រឡប់មកវិញ ។ រថយន្តម៉ាក Mazda CX3 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ។
ដោយអនុវត្តតាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តម៉ាក Mazda CX3 ០១ គ្រឿង ដូចខាងលើ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកឯរថយន្ត ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រថយន្តវិញ តាមការស្នើសុំ ។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
Saturday, March 16, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យម្នាក់ ឡើងបើករថយន្តយកទៅបាត់ ខណៈបុរសម្នាក់ចូលដកប្រាក់នៅម៉ាស៊ីន ATM ដោយមិនពន្លត់ម៉ាស៊ីន
ជនសង្ស័យម្នាក់ ឡើងបើករថយន្តយកទៅបាត់ ខណៈបុរសម្នាក់ចូលដកប្រាក់នៅម៉ាស៊ីន ATM ដោយមិនពន្លត់ម៉ាស៊ីន
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!