(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្ត ជូនស្នងការដ្ឋាននគរបាលរាជធានីខេត្ត ចំនួន ០៥ ដែលកម្មវិធីនេះ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់កងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់អង្គភាព ។រថយន្តនេះជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គីសនី ដែលអាចប្រើប្រាស់ក្នុងរង្វង់ ៣០០ ទៅ ៤០០ គីឡូម៉ែត្រ ទើបសាកបញ្ចូលឡើងវិញបាននៅក្នុងអង្គភាព ។ រថយន្តនេះអាចប្រើប្រាស់ប្រចាំថ្ងៃ ដឹកនាំក្បួននិងបម្រើការងារផ្សេងៗ នៅក្នុងរាជធានីខេត្តរបស់ខ្លួន ។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើរដល់ស្នងការនគរបាលរាជធានីខេត្ត ដែលទទួលបានរថយន្តនេះហើយ ត្រូវទទួលខុសត្រូវថែរក្សា ឱ្យដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រើប្រាស់បានយូរអង្វែង ។ ដោយឡែកសម្រាប់បណ្តាខេត្ត ដែលមិនទាន់ទទួលបានរថយន្តអាចនឹងមាននៅពេលក្រោយៗ ពីព្រោះខេត្តដែលទទួលបានរថយន្តនេះ គឺជាខេត្តដែលចាំបាច់ក្នុងការទទួលរថយន្តទាំងនេះ ។
នាយឧត្តមសេនីយ៍ សង្ឃឹមថា សប្បុរសជននឹងបន្តជួយជារថយន្ត ឬសម្ភារនានា មកដល់អគ្គស្នងការដ្ឋាននគរបាលជាតិបន្តទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា រថយន្តដែលត្រូវប្រគល់ជូនដល់ស្នងការនគរបាលរាជធានីខេត្តនាពេលនេះ មានចំនួន ១០ គ្រឿង ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបាន ចំនួន ០២ គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន ០២ គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ០២ គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន ០២ គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន ០២ គ្រឿង ៕